ទិញ Laptop គួរ​មើល​កត្តា​អ្វី​ខ្លះ?

បច្ចុប្បន្ន ​ការ​ប្រើប្រាស់ Laptop របស់​សិស្ស និស្សិត​ និង​បុគ្គលិក​ក្រុមហ៊ុន​ ឬ​មន្ត្រី​រាជការ​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង រី​ឯ​តម្លៃ​ទៀត​សោត​ក៏​ថោក​សមស្រប​អាច​ទទួល​យក​បាន។ ទន្ទឹម​នឹង​នេះ​ ក៏​នៅ​មាន​និស្សិត​ក៏​ដូចជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ខ្ជះខ្ជាយ​ថវិកា​លើ​ ការ​ទិញ Laptop មិន​ផ្គាប់​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន​ដោយ​សារ​កង្វះ​ខាត​ចំណេះ​ដឹង​ ផ្នែក IT។

ដើម្បី​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ដល់​សិស្ស និស្សិត​មិន​សូវ​មាន​ចំណេះ​ដឹង​លើ​ជំនាញ​ ITលោក​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ស៊ីតិក​ជំនាញ​ព័ត៌មានវិទ្យា​លោក យ៉ិន ស៊ីដេត​រៀបរាប់​អំពី​គន្លឹះ​ក្នុង​ការ​ពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​មួយ​ ចំនួន​ថា មុន​នឹង​ទិញ Laptop ត្រូវ​គិត​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់ជា​មុន​សិន ថា​តើ​ទិញ​ដើម្បី​អ្វី? និង​ប្រើប្រាស់​លើ​ការងារ​អ្វី​ខ្លះ? ព្រោះ​ថា​ប្រសិន​បើ​ទិញ​ខុស ពិត​ជា​ខាត​បង់​ប្រាក់កាស​ជាក់​ជា​មិនខាន។
គេ ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​ការ​ប្រកួតប្រជែង Laptop នៅ​លើ​ទីផ្សារ​មាន​សន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់​សំគាល់​ ដោយ​ក្នុង​នោះ​ឃើញ​ថា​សមត្ថភាព​កាន់​តែ​ខ្ពស់ តែ​តម្លៃ​បែរ​ជា​ថោក​ទៅ​វិញ ដែល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​អតិថិជន។
កត្តា​សំខាន់​មួយ​ចំនួន​ទៀត​ សាស្ត្រាចារ្យ​រូប​នោះ​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​អំពី​គោល​បំណង​នៃ​ការ​ទិញ​ហើយ​ត្រូវ​មើល​ទៅ​លើ​រូបរាង​ព្រោះ ​ថា​ប្រសិន​បើ​យើង​មិន​ចូលចិត្ត​ទេ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​ នៅ​ពេល​ប្រើប្រាស់។ មួយ​ទៀត​គឺ​ត្រូវ​ពិនិត្យ​លើ​ម៉ាក​(Brand Name)របស់ Laptop ឱ្យ​បាន​ច្បាស់លាស់។
ការ​ពិនិត្យ​មើល​សមត្ថភាព​ជា​ចំណុច​មួយ​ល្អ​សម្រាប់​អ្នក​ទិញ​ដោយ​ត្រូវ​មើល​ចំណុច​ដូច​ខាង​ក្រោម៖
- CPU ៖CPU ជា​​ឧបករណ៍​ជំរុញ​​ល្បឿន​កុំព្យូទ័រ​មួយ​ដែល​មាន​តួនាទី​ធំ​ក្នុង​ការ​ដំណើរ ​ការ​កម្មវិធី​ជា​ច្រើន​ទៀត។ បច្ចុប្បន្ន​សមត្ថភាព CPU របស់ Laptop មាន​ទំហំ​ខ្ពស់​អាច​មាន​ប្រភេទ Core i ឡើង​ទើប​
 
ល្អ។ ឧទាហរណ៍ Core i3, Core i5,  ឬCore i7ជា​ដើម។ ដូចនេះ​បើ​អាច​ទៅ​រួច​​អ្នក​គួរ​ជ្រើស​យក​ CPU ប្រភេទ Core i ឡើង​ទៅ។
- Ram ៖ Ram មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដំណើរ​កុំព្យូទ័រ​ពិសេស​គឺ​សម្រាប់​ដំណើរ​ ការ​កម្មវិធី​ធំៗ​មួយ​ចំនួន។ Ram ជា​ឧបករណ៍​មួយ​ប្រភេទ​ហៅ​ថា​អង្គចង់ចាំ​រស់ សម្រាប់​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​ ខណៈ​កំពុង​ដំណើរ​ការ។ ​ដូចនេះ​យើង​ត្រូវ​ជ្រើស​រើស ប្រភេទ Ram សេរី​ខ្ពស់​យ៉ាង​ហោច​ណាស់ DDR2ឬ DDR3 គួបផ្សំ​ជាមួយ ​ទំហំ Ram អាច​ចាប់​ពី 2 GB ទៅ 4 GB។
- VGA ៖ VGA គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​ទាញ​ទិន្នន័យ​មក​បង្ហាញ​លើ​អេក្រង់ ដែល​យើង​និយម​ហៅ​ថា Graphic។ ជា​ទូទៅ​ប្រសិន​បើ​អ្នក​មិន​មែន​ជា​អ្នក​រចនា​ប្លង់ ឬ​រូបភាព​អ្វី​ទេ គួរ​ជ្រើសរើស​​ទំហំ 128 MB បាន​ហើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មុខងារ​ Design វិញ​សូម​ជ្រើសរើស​ចាប់​ពី 1GB ទៅ 2GB ទើប​ល្អ។
- ថ្ម ៖ ថ្ម​ក៏​ជាបេះដូង របស់ Laptop ផង​ដែរ យើង​ត្រូវ​ជ្រើសរើស​យក​ថ្ម​ណា​ដែល​អាច​ប្រើ​បាន​រយៈពេល​ហោច​ណាស់​ចាប់​ពី ២ ទៅ ៣​ម៉ោង​ឡើង​ទៅ​ទើប​ល្អ។
- Warranty ៖ Laptop ត្រូវ​តែ​មាន​ការធានា​ពី​ហាង ឬ​ក្រុមហ៊ុន​ដែល​បាន​ទិញ​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ដែរ។
ក្រោយ ​ពី​អាន​ចំណុច​ខ្លះ​ៗ​​របស់​អ្នក​ជំនាញ សង្ឃឹម​ថា​អាច​ជា​គន្លឹះ​មួយ​​ដល់​សិស្ស​-និស្សិត​​ក្នុង​ការ​ទិញ Laptop ឱ្យ​ត្រូវ​តាម​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ការងារ និង​ការ​សិក្សា៕